Thursday, January 14, 2016

ប្រវត្តិខេត្តបាត់ដំបង

ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តបាត់ដំបង មានក្រុងនៅបាត់ដំបង។ ក្រុងបាត់ដំបងស្ថិតនៅចំងាយ​ប្រមាណ៣០០គ.ម ពីរាជធានីភ្នំពេញ និងជាទីក្រុងធំទី២នៅកម្ពុជា។


ប្រវត្តិនៃឈ្មោះបាត់ដំបង

បើ ​តាម​សិលា​ចារិក​ថ្ម​ប្រាសាទ​ដែល​យើង​មាន និង​បាន​រក​ឃើញ​រហូត​សព្វ​ថ្ងៃ​ នៅ​មុន​សម័យ និង​សម័យ​អង្គរ​គេពុំ​បាន​​ឃើញ​ចែង​អោយ​យើង​ដឹង​ថា តើ​សម័យ​នោះ មាន ភូមិ​ស្រុក​ណា​មួយ​ដែល​មាន​ឈ្មោះ បាត់​ដំបង​នោះ​ទេ ។ ប៉ុន្តែ​យើង​ក៏​មិនហ៊ាន​សន្និដ្ឋាន​ថា ឈ្មោះ​បាត់​ដំបង នេះ​មាន​ប្រើ​ឬ​មិ​ន​ប្រើ​ក្នុង​សម័យ​នោះ​ដែរ ។​ ប៉ុន្តែ​ក្នុង​សម័យ​អង្គរ​និង​ក្រោយ​អង្គរ​​តាម​ឯកសារ​"មហា​ជន​ខ្មែរ​"​មាន​ ប្រើ​ឈ្មោះ​"ស្រុកបាត់ដំបង "​ ។​ ហេតុ​អ្វី​បាន​ជា​ហៅ​ឈ្មោះ​បាត់​ដំបង ប្រវត្តិ​សាស្ត្រ​សរ​សេរ​លើ​សិលា​ចារិក​មិន​បាន​ឆ្លើយ​ឲ្យ​ដឹង​ឡើយ គឺ​មាន​តែ​នៅ​ក្នុង​រឿង​ព្រេង​ប៉ុណ្ណោះ​គឺ​រឿង​តា​ដំបង​ក្រញូង​ដែល​ ខ្មែរ​ យើង​យល់​​ថា​ជា​រឿង​កើត​មាន​តាំង​ពី​សម័យ​អង្គរ​ដែល​បាន​ពន្យល់​ពី​ដើម​ហេតុ ​ដែល​នាំ​អោយ​យើង​ហៅ​ឈ្មោះ​"បាត់ដំបង"​ឬ​អូរ​ដំបង ។ ​ឯឈ្មោះ​ "ព្រះ​ដំបង" ​គឺ​ស្តេច​រាមាទី១​បាន​កំណត់​ឲ្យ​ហៅ​ឈ្មោះ​ភូមិ​សង្កែ​ថា​ជា ​"ព្រះ​ដំបង"​ ។
កាល​ពី​មុន​សម័យ​អង្គរ និង​សម័យ​អង្គរ​ភាគ​ខាង​លិច និង​ភាគ​ពាយ័ព្យ​នៃ បឹងទន្លេសាប​គឺ​ជា​ដែន​ដី ​អ​មោឃ​បុរៈ​និង​ជា​​ដែន​ដី​ ភិមៈ​បុរៈ ។ នៅ​ក្នុង សម័យ​អង្គរ​ដែន​ដី​ឬ​ភូមិ​ភាគ​អមោឃ​បុរី​មាន​ការ​រីក​ចំរើន​ខ្លាំង​ដោយ​សារ​ ដី​មាន​ជីរ​ជាតិ​ល្អ​ អាច​ដាំ​ដំណាំ​ស្រូវ​និង​បន្លែ​ផ្លែ​ឈើ​ផ្សេង​ៗ​បាន​ ប្រកប​ដោយ​ទិន្ន​ផល​ល្អ​ប្រសើរ ។ ប្រជា​ពល​រដ្ឋ​ខ្មែរ​ជំនាន់​នោះ​មក​រស់​នៅ​ភូមិ​ភាគ​នេះ​​ ច្រើន​ជា​ភស្តុតាង ​បង្ហាញ គឺ​មាន​ប្រា​សាទ​បុរាណ​ជា​ច្រើន​សន្ឋឹក​សន្ឋាប់​ក្នុង​តំបន់​នេះ ។ ប៉ុន្តែ​ប្រាសាទ​បុរាណ​ទាំង​នោះ​ រលំ​បាក់​បែក​បាត់​បង់​ស្ទើរ​តែ​ទាំង​អស់ លើក​លែង​តែ​ប្រាសាទបាណន់ ប្រាសាទ​ឯក​ភ្នំ ប្រាសាទ​បា​សែត ​ប្រាសាទ​ស្ទឹង បន្ទាយ​​ទ័យ បន្ទាយ​ឆ្មារ ។​ល​។ ដែលនា​ម៉ឺនសព្វ​មុខ​មន្ត្រី​និង​ប្រជា​រាស្ត្រ​ជំនាន់​នោះ​បាន​កសាង​ឡើង​ សំរាប់​ជា​ទី​សក្ការៈ​បូជា​ដល់​ព្រះ​​អាទិ​ទេព​និង​ទេវៈ​ផ្សេង​ៗ ។ ខាង​ព្រហ្មញ្ញ​សាសនា ​ឬ​ក៏​ដល់​ព្រះពុទ្ឋ​ និង​ពោធិ​សត្វ​ផ្សេង​ៗ​ខាង​ ពុទ្ឋសាសនា​។
នៅ​សតវត្ស​រ៍ក្រោយ​មក​ទៀត ​ដែន​ដី​ខេត្ត​បាត់ដំបង ​ត្រូវ​បាន​ទទួល​រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ចំ​បាំង​រាំង​ជល់ ដោយ​ការ​ឈ្លាន​​ពាន​ពីសំ​ណាក់​ពួក​សៀម​តាំង​ពី​សត​វត្ស ១៥-១៦-១៧-១៨ ​ធ្វើ​អោយ​ជីវភាព រស់​នៅ​របស់​ប្រជាជន​បាត់ដំបង​ជំនាន់​នោះ​ធ្លាក់​​ក្រលំ​បាក​ព្រាត់​ប្រាស​ និរាស​គ្រួសារ​ទ្រព្យ​សម្បិត្ត​ផ្ទះ​សម្បែង​គួរ​អោយ​ខ្លោច​ផ្សារ​។
នៅ​ចុង​សត​វត្ស​ទិ១​៨​ដល់​ដើម​សតវត្ស​ទី​២០​បាត់ដំបង​ក៏​ធ្លាក់​នៅ​ក្រោម ​ អំណាច​ត្រួត​ត្រា​ជិះ​ជាន់​របស់​ពួក​សៀម​អស់​រយៈ​​ពេល​ជាង​មួយ​សតវត្សរ៍ ដែល​គ្រប់​គ្រង​ដោយ​អំណាច​គ្រួសារ ចៅហ្វាបែន​ក្រោយ​មក​គេ​ដាក់​ឈ្មោះ​ថា " ត្រ​កូល​អភ័យ​វង្ស​ "​​អស់​៦​តំណរ​ហូត​ដល់​ឆ្នាំ​១៩០៧ ។
តាម​សន្ឋិ​សញ្ញា​បារាំង-សៀម ​ចុះ​ថ្ងៃទី​ ២៣ ខែ មិនា ឆ្នាំ ១៩០៧ សៀម​ត្រូវ​ប្រគល់​មក​អោយ​កម្ពុជា​ វិញ​ នូវ​ទឹក​ដី​ដែល​ខ្លួន​​ធ្លាប់​កាន់​ កាប់​ជាង​មួយ​សតវត្ស​រ៍នោះ គឺ​បាត់​ដំបង សៀមរាប​អង្គរ សិរី​សោ​ភ័ណ​និង​ចុង​កាល់​ដោយ​ប្តូរ​ និង​ខេត្ត​ត្រាត​និង​តំបន់​​ដាច់​សេ (ដែន​ដី​លាវ )​ ប៉ែក​ខាង​លើ​នៃ​ទន្លេមេគង្គ។ ប៉ុន្មាន​ខែ​ក្រោយ​មក​ព្រះ​ករុណា​ព្រះ​បាទ​ស៊ី​សុវត្ថិ​ទ្រង់​បាន​ចេញ​ព្រះ​ រាជ​​ប្រកាស​លេខ​៦៦ ចុះ​ថ្ងៃទី​ ៦ ខែធ្នូ ឆ្នាំ១៩០៧​កំណត់​ដែន​ដី​បាត់​ដំបង​ត្រូវ​បែង​ចែក​ជា​៣​ខេត្ត គឺ ខេត្ត​បាត់ដំបង ខេត្ត​សៀម​រាប​​និង ខេត្ត​សិរី​សោ​ភ័ណ ។
 នៅ​ឆ្នាំ​១៩២៥ ទឹក​ដី​ខេត្ត​បាត់​ដំបង ត្រូវ​បាន​បែង​ចែក​សារ​ជា​ថ្មី​អោយ​ទៅ ជា​ខេត្ត​បាត់ដំបង មាន​ស្រុក​២​គឺ​ខេត្ត​បាត់​ដំបង​ ខេត្តសៀមរាប ក្នុង​នោះ​ខេត្ត​បាត់ដំបង​មាន​ស្រុក​២ គឺ​ស្រុកបាត់ដំបង និង ស្រុកសិរីសោភ័ណ ។ នៅ​ឆ្នាំ​១៩៤០ ខេត្ត​បាត់​ដំបង​​មាន​ស្រុក​ចំនួន​៧ គឺ​ស្រុកបាត់ដំបង ស្រុកសង្កែ ស្រុក​មោង​ឬ​ស្សី​ ស្រុក​មង្គល​បុរី ស្រុក​ទឹក​ជោរ ស្រុកសិរីសោភ័ណ និង​ស្រុក​បិ​ត្បូង។
នៅ​ខែឧសភា​ឆ្នាំ​១៩៥៣​ តំបន់​រដ្ឋបាល​ប៉ោយ​ប៉ែត​ត្រូវ​បាន​បង្កើត​ឡើង​ចំណុះ​ស្រុក​សិរី​សោ​ភ័ណ ។ នៅ​ខែកក្កដាឆ្នាំ​១៩៥៧ ស្រុក​​ទឹក​ជោរ​ត្រូវ​បាន​បែង​ចែក​ទៅជា​២ស្រុក​គឺ​ ស្រុក​ព្រះនេត​ព្រះ​ និង​ ស្រុក​ភ្នំ​ស្រុក ។​ ស្រុកសិរីសោភ័ណ​ត្រូវ​បាន​បែង​ចែក​ទៅ​ជា​២​ស្រុក​ដែរ​​គឺ ស្រុក​សិរីសោ​ភ័ណ និង​ ស្រុក​បន្ទាយ​ឆ្មា។​ នៅ​ខែមិនា​ ឆ្នាំ១៩៦៥ ​តំបន់​រដ្ឋ​បាល​ប៉ោយ​ប៉ែត​ដែល​បាន​បង្កើត​នៅ​ឆ្នាំ​១៩៥៣ នោះ​ត្រូវ​​បាន​ចាត់​ថ្នាក់​ជា​ស្រុក​ឈ្មោះ​ថា​ ស្រុក​អូរជ្រៅ។ នៅ​ខែកក្កដា ឆ្នាំ ១៩៦៥ ទឹក​ដី​មោង​ឬស្សី​មួយ​ផ្នែក​ត្រូវ​បាន​កាត់​ទៅ​ជា​តំបន់​រដ្ឋ​បាល​​គាស់​ ក្រឡ ។ នៅ​ខែ​មិនា​ឆ្នាំ១៩៦៦ ស្រុកថ្មី​មួយ​ទៀត​ត្រូវ​បាន​បង្កើត​ឡើង​គឺ​ស្រុកថ្ម​ពួក​មាន​ទីតាំង​នៅតាំង ​នៅ​ថ្ម​ពួក ។ ជា​មួយ​គ្នា​នេះ​ស្រុក​បន្ទាយ​ឆ្មា​ត្រូវ​បាន​ដក​ចេញ​ពី​ខេត្ត​បាត់​ដំបង​ ឲ្យ​ចំណុះ​ខេត្ត​ឧត្តមាន​​ជ័យ​វិញ​ដែល​ជា​ខេត្ត​ដែល​ទើប​បង្កើត​ថ្មី ។
នៅ​ដើម​សម័យ​សា​ធារ​ណ​រដ្ឋ​ខ្មែរ​មាន​ស្រុក​ចំនួន​២​បាន​បង្កើត​ឡើង​គឺ​ ស្រុកបា​ណន់ និង​ស្រុក​គាស់​ឡ ។ សរុប​មក​ដល់​ត្រឹម​នេះ​​ស្រុក​បាត់​ដំបង​មាន​ស្រុក​ចំនួន​៩ គឺ​ស្រុក​បាត់​ដំបង ស្រុក​សង្កែ ស្រុក​មោង​ឬស្សី​ ស្រុក​មង្គល​បូរី ស្រុក​សិរី​សោ​ភ័ណ​​ ស្រុក​អូរ​ជ្រៅ​​ ស្រុក​ព្រះនេត្រ​ព្រះ ស្រុក​បាណន់ ស្រុក​គាស់​ឡ និង​តំបន់ ​រដ្ឋបាល​ចំនួន​២ ​គឺ​ តំបន់​រដ្ឋ​បាល​បាក់​ព្រា​ និង​តំបន់​រដ្ឋ​បាល​ល្វា ។ ក្នុង​របប​​វាល​ពិ​ឃាត ៣ ឆ្នាំ ៨​ខែ​ ២០ថ្ងៃ​នៅ​ខេត្ត​បាត់​ដំបង​ក៏​ដូច​ជា ​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​ដែរ​ ប្រជាពល​រដ្ឋ​ត្រូវ​​បាន​ជម្លៀស​ចុះ​ឡើង​ពិសេស​​ពី​​តំបន់​ទី​ក្រុង​ទី​ ប្រជុំ​ជន​ទៅ​កាន់​ជន​បទ​និង​តំបន់​ព្រៃ​ភ្នំ ។ ខេត្តបា​ត់​ដំបង​ធ្លាប់​ល្បីថា​ជា​ជង្រុក​ស្រូវ​នៃ​ប្រទេស​បាន​ក្លាយ​ទៅ ជា​តំបន់​ទទួល​ទារុណ​កម្ម​កាប់​សំលាប់​និង​បង្អត់​អាហារ​ពេល​នោះ​ខេត្ត​ពុំ​ មាន​ព្រំ​ប្រទល់​ច្បាស់​លាស់​ទេ​ដោយ​ អង្គ​ការ​ដឹក​នាំ​ពេល​នោះ​ដាក់​ខេត្ត​បាត់​ដំបង​​ទៅ​ក្នុង​តំបន់​ភូមិ​ភាគ​ ពាយ័ព្យ​ហើយ​មាន​តំបន់​១​តំបន់​៣​តំបន់​៤ និង​ តំបន់​៥ ។ ខណៈ​នោះ​មាន​ឮ​គេ​ហៅ​ឈ្មោះ​ស្រុក​ខ្លះ​ដែរ​ដូច​ជា​ស្រុក​​ភ្នំ​សំពៅ ស្រុក​បាត់​ដំបង-ស្រុក​មង្គល​បុរី​ ស្រុក​សង្កែ​-​ស្រុកមោង​ឬស្សី​-​ស្រុក​៤១​-​ស្រុក​៤២ ។ល។
ខេ​ត្តបាត់​ដំបង​ត្រូវ​បាន​រំដោះ​ជា​ស្ថាព​រពីរ​បប​ប្រល័យ​ពូជ​សាសន៍​នៅ​ ថ្ងៃ​ទី១៣ ខែមករា ឆ្នាំ​១៩៧៩ ។ ក្បាល​ម៉ា​ស៊ីន​ដឹក​នាំ​មាន​ឈ្មោះ​​ថា​គណៈ​កម្មាធិ​ការ​ប្រជា​ជន​បដិវត្តន៍ ​(ខេត្ត​-​ស្រុក​-ទីរួម​ខេត្ត-​ឃុំ-​សង្កាត់​) ។ គណៈ​កម្មាធិការ​ប្រជាជន ឃុំ​-​សង្កាត់​ត្រូវ​បាន​ជ្រើស​រើស​​ដោយ​ការ​បោះ​ឆ្នោត​ដំបូង​បំផុត​នៅ​ ឆ្នាំ​១៩៨៣ ។ ពី​ឆ្នាំ​១៩៨៩ ដល់ ឆ្នាំ ១៩៨៦ ខេត្ត​បាត់ដំបង​មាន​ស្រុក​ចំនួន​៩​ទី​រួម​ខេត្ត​ចំនួន​១ ។
នៅ​ឆ្នាំ​១៩៨៦ ស្រុក​ថ្មី​៣​ត្រូវ​បាន​បង្កើត​បន្ថែម​ទៀត​មាន​ស្រុកបាណន់​-​ស្រុក​បវេល​និង ​ស្រុកឯ​កភ្នំ ។ ត្រឹម​តំណាក់​កាល​នេះ​​បាត់​ដំបង​មាន ១២​ស្រុក​និង​ទី​រួម​ខេត្ត​៩គឺ​ស្រុក​មោង​ឬស្សី-​ស្រុក​សង្កែ​ស្រុក​បាណន់-​ ស្រុកឯក​ភ្នំ-​ស្រុក​បាត់ដំបង-ស្រុក​រតន​មណ្ឌ​​ស្រុក​មង្គល​បុរី​-ស្រុក​ សិរិសោ​ភ័ណ ស្រុក​ព្រះ​នេត​ព្រះ-​ស្រុកថ្មពួក​-​ស្រុក​ភ្នំ​ស្រុក​ និង​ ស្រុកបវេល​ ។
នៅ​ឆ្នាំ​១៩៨៨​ ស្រុក​ចំនួន​៥​គឺ​ស្រុក​មង្គល​បុរី​-​ស្រុក​ថ្ម​ពួក​-​ស្រុក​សិរី​សោ​ភ័ណ​- ស្រុក​ព្រះ​នេត​ព្រះ និង​ស្រុក​ភ្នំ​ស្រុក​ត្រូវ​បាន​​កាត់​ចេញ​ដើម្បី​បង្កើត​ជា​ខេត្ត​ថ្មី​មួយ ​ទៀត​គឺ​ខេត្ត​បន្ទាយ​មាន​ជ័យ ។ ចាប់​ពី​នោះ​រហូត​ដល់​ឆ្នាំ​១៩៩៣ ខេត្ត​បាត់​ដំបង​មាន​ស្រុក​ចំនួន​៧​​ទី​រួម​ខេត្ត​១ និង​ឃុំ​ចំនួន​៥៣​និង​សង្កាត់​ចំនួន​១០ ។
ក្រោយ​មាន​រដ្ឋ​ធម្មនុញ្ញ​ ថ្មី​ទី​រួម​ខេត្ត​បាត់​ដំបង​ត្រូវ​បាន​ប្តូរ​ ឈ្មោះ​មក​ជា​ស្រុក​ស្វាយ​ប៉ោ​វិញ ។ ចំណែក​សង្កាត់​ទាំង​១០​ត្រូវ​បាន​ប្តូរ​​មក​ជា​ឃុំ​ដូច្នេះ​ខេត្ត​បាត់​ដំបង ​មាន​ស្រុក​ចំនួន​៨​និង​ឃុំ​ចំនួន​ ៤៧ ។
នៅ​ឆ្នាំ​១៩៩៨ ក្រោយ​សមា​ហរណ​កម្ម​កំលាំង​កម្ពុជា​ប្រជា​ធិប​តេយ្យ ខេត្ត​បាត់​ដំបង​ត្រូវ​បាន​កាត់​ទឹក​ដី​មួយ​ផ្នែក​ទៀត​ដើម្បី​បង្កើត​ ក្រុងប៉ៃលិន​ ហើយ​ស្រុក​ចំនួន​៤ ត្រូវ​បាន​បង្កើត​ថែម​មាន​ស្រុក​សំឡូត-ស្រុក​កំរៀង​ស្រុក​ភ្នំ​ព្រឹក​និង​ ស្រុក​សំពៅ​លូន​។ នៅ​ឆ្នាំ​២០០០ ទឹក​ដី​ស្រុក​មោង​ឬ​ស្សី​ត្រូវ​បាន​រំលែក​មួយ​ផ្នែក​បង្កើត​ជា​ស្រុក​គាស់​ ក្រឡ​ដែល​មាន​៦​ឃុំ ។ ចំណែក​ឯ​ស្រុក​ស្វាយ​ប៉ា​ត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ស្រុក​បាត់​ដំបង​វិញ​ ។ រីឯ​ស្រុក​បាត់​ដំបង​ដែល​មាន​ទីតាំង​នៅ​ថ្ម​គោល​ត្រូវ​បាន​ប្តូរ​ឈ្មោះ​​ជា​ ស្រុក​ថ្ម​គោល​វិញ ។
ចាប់​ពី​ពេល​នោះ​រហូ​ត​មក​ដល់​បច្ចុប្បន្ន​ខេត្ត​បាត់​ដំបង​មាន​ស្រុក​ ចំនួន​១៣ ឃុំ​ចំនួន​៩៦​ និង​ភូមិចំនួន​៧៤១​ មានផ្ទៃ​ដី១.១៦២.២០០​ហិក​តា មាន​ប្រជា​ជន​១៩១-៣១៧​គ្រួសារ មនុស្ស​រាយ​៩៨៨-៥១០នាក់ ។


រឿងរាមកេរ្តិ៍និងឈ្មោះតួអង្គ

រឿង “រាមាយណៈ” នៅស្រុកខ្មែរត្រូវបានគេស្គាល់ថា “រាមកេរ្តិ៍” (កេរដំណែលរបស់រៀមច្បង) ជារឿងដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រវត្តិសាស្ត្រអក្សរសាស្ត្រ ខ្មែរ តាំងពីសម័យនគរភ្នំ សម័យមហានគរ រហូតមកទល់នឹងបច្ចុប្បន្នកាល ។ រាមកេរ្តិ៍ខ្មែរបាន ទទួលយកទស្សនៈព្រហ្មញ្ញសាសនាមកបកស្រាយក្នុងបរិបទពុទ្ធសាសនាដោយ បង្ហាញពីតុល្យភាពរវាងអំពើល្អ និងអំពើអាក្រក់នៅក្នុងលោកយើងនេះ ពោលគឺមិនឲ្យមានខាងណាខុសឬត្រូវឡើយ ។ រឿងរាមកេរ្តិ៍ខ្មែរមានចំណុចជាច្រើនខុសពីរឿងរាមាយណៈឥណ្ឌាព្រោះ មានបញ្ចូលវគ្គឈុតឆាកមួយចំនួនដែលគ្មានក្នុងរាមាយណៈដើម និងបានសង្កត់ធ្ងន់ទៅលើសកម្មភាពរបស់ហនុមាន និងនាងសុវណ្ណមច្ឆា ហើយរឿងនេះមានឥទ្ធិពលទៅលើរឿងរ៉ាម៉ាគេនរបស់សៀម និងរឿងព្រះរាមព្រះលក្សណ៍របស់លាវ ។ ម្យ៉ាងទៀត រាមកេរ្តិ៍ខ្មែរបានឲ្យតម្លៃទៅលើពាក្យពិតសច្ចៈជាងទំនៀមទម្លាប់ប្រពៃណី ហូរហែតាំងពីដើមដល់ចប់ ដែលពាក្យពិតសច្ចៈនេះជាការកាន់គោរពជឿរបស់ខ្មែរដើម ។
រឿង រាមកេរ្តិ៍បានជ្រួតជ្រាបទៅគ្រប់ទម្រង់នៃសិល្បៈខ្មែរ ដូចជា កំណាព្យចម្រៀង គំនូរ ចម្លាក់ របាំ និងល្ខោន ជាដើម ។ ជាក់ស្ដែងគេឃើញមានការបង្ហាញឈុតឆាកស្ដីពីរឿងរាមកេរ្តិ៍តាម រយៈ របាំព្រះរាជទ្រព្យ ល្ខោនខោល និងណាំស្បែក គំនូរនៅតាមវត្តអារាម ព្រះបរមរាជវាំង និងចម្លាក់នៅតាមប្រាសាទបុរាណនានា ដូចជាប្រាសាទបន្ទាយសំរែ ប្រាសាទអង្គរវត្ត និងប្រាសាទមួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជា និងប្រទេសសៀមបច្ចុប្បន្ន ។
  • តួអង្គក្នុងរឿងរាមកេរ្តិ៍ 
  1. ព្រះបាទទសរថ : ស្ដេចសោយរាជ្យនៅនគរអយុធ្យា
  2. នាងកោសកល្យា : អគ្គមហេសីព្រះបាទសសរថ មាតាព្រះរាម
  3. នាងកៃកេសី : អនុមហេសីព្រះបាទទសរថ មាតាភិរុត
  4. នាងសមុទ្រទេវី : អនុមហេសីព្រះបាទទសរថ មាតាព្រះលក្សណ៍ និងសុត្រុត
  5. ព្រះរាម : រាជបុត្រច្បងរបស់ព្រះបាទទសរថ និងនាងកោសកល្យា
  6. នាងសិតា : រាជបុត្រចិញ្ចឹមរបស់ព្រះបាទជនក នគរមិថិលា
  7. ព្រះលក្សណ៍ : រាជបុត្ររបស់ព្រះបាទទសរថ និងនាងសមុទ្រទេវី
  8. ព្រះសុត្រុត : រាជបុត្ររបស់ព្រះបាទទសរថ និងនាងសមុទ្រទេវី
  9. ព្រះភិរុត : រាជបុត្ររបស់ព្រះបាទទសរថ និងនាងកៃកេសី
  10. រាមលក្សណ៍ : បុត្ររបស់ព្រះរាម និងនាងសិតា
  11. ជប្បលក្សណ៍ : បុត្រឥសីជប្ប ឥសីរជ្ជប្រិតមុនី “វាល្មិកិ”
  12. សុមាន់តាន់ : មន្ត្រីជាន់ខ្ពស់របស់ព្រះរាម
  13. សុមន្តរ : មន្ត្រីជាន់ខ្ពស់រាជបម្រើរបស់ព្រះរាម
  14. ព្រះជនក : ស្ដេចគ្រងរាជ្យនៅនគរមិថិលា
  15. កូខ័ន : ថ្មើរព្រៃស្ដេចនេសាទ រូបអាក្រក់ ចិត្តល្អ ជួយព្រះរាមៗទុកជាបងប្អូនបង្កើត
  16. ពិសិដ្ឋឥសី : ជារាជបុរោហិត ធ្វើសារយាងព្រះភិរុតចូលនគរអយុធ្យាវិញដើម្បីលើកសពសំស្ដារ ព្រះបិតា
  17. ពាលី : ស្ដេចស្វា គ្រងរាជ្យនៅខាន់ខិនបូរី
  18. នាងទេពីតារា : មហេសីសូគ្រីព តែពាលីដណ្ដើមយកមកធ្វើជាប្រពន្ធរបស់ខ្លួន
  19. សូគ្រីព : ស្ដេចស្វា ត្រូវជាប្អូនពាលី
  20. អង្គទ : កូនរបស់ពាលី និងនាងមណ្ឌោគិរី
  21. នាងស្វាហាយ : ម្ដាយហនុមាន ត្រូវបណ្ដាសាព្រះឥសូរ ប្អូនស្រីពាលី
  22. ហនុមាន : ស្វាស ក្មួយពាលី និងសូគ្រីព
  23. មហាជម្ពូរាជ : ស្ដេចស្វាក្រឡេកឆេះ នៅព្រៃហេមពាន្ត
  24. គោអសុភរាជ : នៅព្រៃហេមពាន្តដែលហនុមានទៅយកទឹកម៉ូត្រ
  25. ជំពូពាន : ស្វា ហោរារបស់ព្រះរាម
  26. ខុនងិល : មេទ័ពឯករបស់មហាជម្ពូរាជ
  27. ខុននល : មេទ័ព ដៃស្ដាំរបស់មហាជម្ពូរាជ
  28. និលឯក : មេទ័ពស្វា “នៅក្នុងស្បែកធំ” អ្នកនាំសាររបស់ព្រះរាម
  29. និលផាត : មេទ័ពស្វា “នៅក្នុងស្បែកធំ” អ្នកនាំសាររបស់ព្រះរាម
  30. រុក្ខរៈពានរ : មេទ័ពស្វាដែលព្រះរាមប្រើឲ្យនាំទ័ពស្វា៥ម៉ឺននាក់ទៅបេះផល្លា
  31. ជតាយុ : គ្រុឌ ជាជំនិះរបស់ព្រះនារាយណ៍
  32. ស្ដេចកុក : ជាអ្នកទទួលបណ្ដាំនាងសិតា បានជួបព្រះរាម ព្រះលក្សណ៍
  33. នាងសុវណ្ណមច្ឆា : ភរិយាហនុមាន “គំនូរនៅព្រះវិហារព្រះកែវមរកត”
  34. មច្ឆានព : កូនហនុមាន និងនាងសុវណ្ណមច្ឆា
  35. មហឹង្សរាជ : ស្ដេចក្របី នៅព្រៃហេមពាន្ត ឪពុករបស់ទូភី
  36. នាងសន្តគិរី : ក្របីញី ប្រពន្ធមហឹង្សរាជ ម្ដាយរបស់ទូភី
  37. ទូភី : កូនរបស់មហឹង្សរាជ និងនាងសន្តគិរី
  38. ពិរុណនាតា : ស្ដេចនាគ នៅបាតាលភូជង្គនាគ យកអាសាព្រះនាងសិតា
  39. វាសុកី : ទេវតាកាឡាខ្លួនជានាគដើម្បីឲ្យអសុរ និងទេវតាទាញព្រ័ត្រកូរសមុទ្រទឹកដោះ “រូបចម្លាក់នៅអង្គរវត្ត”
  40. នាគរាជ : រក្សាទឹកនពមហាសមុទ្រដែលហនុមានទៅដណ្ដើមយកមកដើម្បីផ្សំថ្នាំព្យាបាលឲ្យព្រះលក្សណ៍ដែលត្រូវមោង្គស័ករបស់កុម្ភការណ៍
  41. ពិស្ណុការ : អ្នកធ្វើរាជរថឲ្យក្រុងរាពណ៍ពេលដែលរាពណ៍បររាជរថនាំនាងសិតាទៅសមរភូមិដើម្បីបញ្ឈឺចិត្តព្រះរាម
  42. ព្រះវាយុ : ឪពុករបស់ហនុមាន
  43. ឥសីពិស្វាមិត្ត : គ្រូរបស់ព្រះរាម និងព្រះលក្សណ៍
  44. ឥសីពារទ្វាឡ : ឥសីដែលបានជួយសម្រួលទុក្ខសោកព្រះរាម
  45. ឥសីបញ្ចលិង្គ : សុំចុះចាញ់ទូភី
  46. ឥសីមគង្គ : ឥសីការពារសូគ្រីព អង្គឥសីដែលមានអង្គជាតិស្លាប់
  47. ព្រះឥន្ទ្រ : បញ្ជាឲ្យអាត្ម័នពាលីទៅកើតនៅស្ថានសួគ៌
  48. នាងមេខលា : ទេពធីតារក្សាសមុទ្រ
  49. ព្រះអាទិត្យ : បររាជរថទៅបំភ្លឺមនុស្ស តែហនុមានមកឃាត់
  50. ពពួកទេវតា : ភិតភ័យរត់ទៅអង្វរព្រះឥសូរ
  51. ព្រះឥសូរ : បញ្ជាលែងនាគពីទ្រុងទៅដេញនាគឥន្ទ្រជិត
  52. ព្រះឥន្ទ្រ : កាឡាខ្លួនជាសត្វព្រាយតៃសាកឲ្យព្រះលក្សណ៍យកថ្លើមទៅថ្វាយព្រះរាម
  53. ឥសីរជ្ជប្រិតមុនី “វាល្មិកិ” : គ្រូរបស់ព្រះរាមលក្សណ៍ និងជប្បលក្សណ៍
  54. នាងទេពរម្ភា : ទេវតាដែលព្រះឥន្ទ្រប្រើមកកាឡាជាស្រីជំទង់ជួយរំដោះរាមលក្សណ៍
  55. ក្រុងរាពណ៍ : ស្ដេចយក្សសោយរាជ្យនៅនគរលង្កា
  56. នាងមណ្ឌោលគីរី : អគ្គមហេសីរបស់ក្រុងរាពណ៍ និងមាតារបស់ឥន្ទ្រជិត
  57. ឥន្ទ្រជិត : បុត្ររបស់ក្រុងរាពណ៍ និងនាងមណ្ឌោលគីរី
  58. នាងសុវណ្ណកាន់មយូរ៉ា : មហេសីរបស់ឥន្ទ្រជិត “រូបក្នុងស្បែកធំ”
  59. ពិភេគ : ប្អូនប្រុសរបស់ក្រុងរាពណ៍
  60. នាងសុជាតា : មហេសីពិភេគ
  61. ក្រុងខរ : ប្អូនរាពណ៍
  62. នាងសុបនខា : ប្អូនស្រីក្រុងរាពណ៍ដែលទៅចែចង់ព្រះរាម ព្រះលក្សណ៍
  63. នាងបញ្ញកាយ : កូនក្រមុំពិភេគ រាពណ៍ប្រើឲ្យកាឡាខ្លួនជានាងសិតាស្លាប់អណ្ដែតទឹក “រូបភាពក្នុងស្បែកធំ”
  64. កុំប៉ាន់ : ក្មួយក្រុងរាពណ៍ ស្លាប់ក្នុងសមរភូមិច្បាំងជាមួយហនុមាន “ស្បែកធំ”
  65. វរុលកុមារ : ក្មួយក្រុងរាពណ៍ “រូបចម្លាក់ស្បែកធំ”
  66. កាមពាលី : ក្មួយក្រុងរាពណ៍
  67. អតិកាយ : មេទ័ពក្រុងរាពណ៍
  68. មហារី : សេនា កូនទាហានរបស់រាពណ៍ កាឡាខ្លួនជាប្រើស
  69. រុក្ខសេន : មេទ័ពយក្ស ឆ្មាំព្រៃ
  70. ភិរាជ : យក្សយាមព្រំដែន ឆក់យកនាងសិតា ច្បាំងជាមួយព្រះលក្សណ៍ៗទន់ដៃ ព្រះរាមក៏បាញ់ស្លាប់ទៅ
  71. ក្រុងជល័ម : យក្សមិត្តរបស់រាពណ៍ នៅក្រៅចក្រវាឡ
  72. រុក្ខសៈ : មន្ត្រីរបស់រាពណ៍ដែលឃាត់មិនឲ្យរាពណ៍សម្លាប់នាងសិតាដោយខុសទំនៀមទម្លាប់ក្នុងការសម្លាប់អ្នកទោស
  73. នាងវិតាសី : ប្អូនស្រីក្រុងរាពណ៍ យាមទ្វារក្រុងលង្កា ហារមាត់ បរបេមាត់ខាងក្រោមដល់បាតាល ខាងលើជាប់មេឃ
  74. ក្រុងខុនទូសណ៍ : មេទ័ពរបស់ក្រុងខរ ព្រមទាំងមេទ័ព១៤រូប និងសេះ៤ក្បាលត្រូវព្រះរាមសម្លាប់នៅសមរភូមិ
  75. ត្រីមុខ ឬតីស្វីរ : ជាកូនរបស់ក្រុងខរ ស្លាប់ក្នុងសង្គ្រាមជាមួយព្រះរាម ព្រះលក្សណ៍
  76. រាមបរមសូរ : បុត្ររបស់ព្រះបាទមាកាតិសម្លុតព្រះបាទទសរថដែលចោទព្រះបិតារបស់ព្រះរាមថា លួចយកឈ្មោះមកដាក់ឲ្យរាជបុត្រព្រះអង្គ
  77. ក្អែកកាកនាសូ : យក្សកាឡាខ្លួនមកបំផ្លាញអាស្រមឥសីពិស្វាមិត្រ
  78. កម្ពណ៍ : យក្ស “ស្បែកធំ” យក្សរាំងផ្លូវព្រះរាម
  79. វ័នរាជ : យក្ស “រូបស្បែកធំ”
  80. អថិកាយ : យក្ស “រូបស្បែកធំ”
  81. មហាកាយ : យក្ស “រូបស្បែកធំ”
  82. គម្បីលីសាន់ : យក្ស “រូបស្បែកធំ”
  83. អធិបឡាំ : យក្ស “រូបស្បែកធំ”
  84. និន្ទសូរ : យក្ស “រូបស្បែកធំ”
  85. និន្ទវេក : យក្ស “រូបស្បែកធំ”
  86. វៃវេក : យក្ស “រូបស្បែកធំ”
  87. សុកច្ចា : យក្ស “ស្បែកធំ” ជាប់ពន្ធនាគាររបស់ក្រុងរាពណ៍ ហើយត្រូវក្រុងរាពណ៍ប្រើឲ្យកាឡាខ្លួនជានាងសិតា ហើយត្រូវឥន្ទ្រជិតកាត់សិរសាដើម្បីបញ្ឈឺចិត្តព្រះរាម
  88. ក្លាងមឿង ឬយក្សភក្ខនេសៈ : យក្សសេនារបស់រាពណ៍ដែលខ្លាច សន្សំតែសុខ
  89. នាងអាតុល័យ : ប្អូនស្រីរបស់រាពណ៍ កាឡាខ្លួនធ្វើជានាងសិតា បញ្ចុះបញ្ចូលនាងសិតាឲ្យគូររូបក្រុងរាពណ៍
  90. ដំរីឰរាវ័ណ : ជំនិះរបស់ឥន្ទ្រជិតនៅពេលធ្វើចម្បាំងលើកចុងក្រោយ
  91. ប្រហេត : យក្សហោរារបស់ក្រុងរាពណ៍
  92. ហាទរ : កូនរបស់រាពណ៍ ច្បាំងជាមួយនឹងអង្គត
  93. តិសិរ : កូនទី៤របស់ក្រុងរាពណ៍ (កូនក្រុងរាពណ៍ត្រូវស្លាប់ទាំងអស់)
  94. នរាគ័ត : កូនទី៥របស់ក្រុងរាពណ៍
  95. មាហាក្បាល : កូនទី៦របស់ក្រុងរាពណ៍
  96. ទូរមុខ : កូនទី៧របស់ក្រុងរាពណ៍
  97. មុខក្ខ័ស : កូនទី៨របស់ក្រុងរាពណ៍
  98. កុម្ភក្រធា : កូនទី៩របស់ក្រុងរាពណ៍
  99. មាលមាទ : យក្សសេនារបស់រាពណ៍
  100. ស័តពាលី : សេនារបស់ព្រះរាម ប្រយុទ្ធជាមួយមាលមាទ
  101. ខុនជីព : មេទ័ពស្វា មិនហ៊ានទៅស៊ើបយកការណ៍នៅលង្កាពីព្រោះខ្លួនចាស់
  102. ខុននន្ទ : មេទ័ពស្វាមិនហ៊ានទៅលង្កាដែរពីព្រោះខ្លាចនាងវិតាសីជាឆ្មាំនៅនគរលង្កា

iPhone 6s​ ល្បឿន​​លឿន​ជាង​គេ​ប្រចាំ​២០១៥​

ក្រុម​ហ៊ុន​ខាង​ជំនាញ​ធ្វើ​តេស្ត​សមត្ថភាព​ទូរសព្ទ​ Antutu​ បាន​ចាត់​ទុក​ទូរសព្ទ​ iPhone 6s ជា​ទូរសព្ទ​មាន​ល្បឿន​លឿន​ជាង​គេ​ប្រចាំ​ឆ្នាំ​២០១៥​ បើ​ទោះ​បី​ប្រៀប​ជា​មួយ​នឹង​ទូរសព្ទ​ដែល​ RAM ទំហំ​ធំ​ជាង​ និង​ CPU ដែល​លឿន​ជាង​ក្ដី។
 iPhone 6s ដំណើរ​ការ​ដោយ​បន្ទះ​ Chip A9 ប្រភេទ​ dual core រួម​ជា​មួយ​នឹង​ RAM ទំហំ​ ២​GB ប៉ុណ្ណោះ ។ ប៉ុន្តែ​​វា​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​ទូរសព្ទ​​លឿន​លំដាប់​ទីពីរ​ Huawei Mate 8 ដែល​មាន​បំពាក់​បន្ទះ​ Chip Kirin 950 ប្រភេទ​ octa-core និង​មាន​ RAM ទំហំ​ ៣GB ឬ​៤​GB (Antutu មិន​បាន​បញ្ជាក់​ទេ​ថា​បាន​ធ្វើ​តេស្ត​លើ​ម៉ូដែល​ ៣GB ឬ ៤GB ​នោះ)។

ពិន្ទុ​របស់​ iPhone 6s នេះ​ទៀត​សោត​​ខ្ពស់​ជាង​ Galaxy Note 5 ដល់​ទៅ​ ៥៩​% ដែល​ទូរសព្ទ​នេះ​បំពាក់​ដោយ​បន្ទះ​ Chip Exynos 7420 ប្រភេទ​ octa-core និង​មាន​ RAM ទំហំ​៤GB។

ចាប់​តាំង​ពី​​បន្ទះ​ Chip 64-bit A7 បាន​លេច​រូបរាង​លើ​ iPhone 5s នៅ​ឆ្នាំ​២០១៣​ ក្រុមហ៊ុន​ Apple តែង​នាំ​មុខ​គេ​ខាង​​ផ្នែក​ផលិត​បន្ទះ​ Chip ដែល​មាន​ល្បឿន​លឿន​និង​ប្រើ​ប្រាស់​ថាមពល​តិច៕